នាព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៤នេះ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយក អគ្គនាយករងលេខាធិការរង និងប្រធានអនុប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃព្រមទាំងប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមលោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត តំណាងកងកម្លាំងទាំង៣លោកអភិបាលក្រុង-ស្រុកទាំង៨ លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ ២២០នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះលោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ ។
លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងនូវការអបអរសាទរចំពោះ ប្រធានក្រុមប្រឹក្សា សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តទាំងអស់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តស្វាយរៀង ជាមួយគណៈអភិបាលខេត្ត ។
លោកជំទាវបណ្ឌិតបន្ថែមទៀតថាមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយការអប់រំសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ក្នុងការប្រកបរបរចិញ្ចឹមជីវិតឲ្យកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។ទន្ទឹមនេះជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀងត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាណត្តិទី៤ របស់រដ្ឋបាលខេត្តស្វាយរៀងមានសមាជិកចំនួន ២៣រូប ក្នុងនោះ ឯកឧត្តម ម៉ែន វិបុល ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ៕